អាយុកាល១១០០ឆ្នាំមកហើយ!! ប្រាសាទបាគងកំពុងទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុកនឹងក្រៅស្រុកព្រោះមានអាយុកាលចំណាស់…

7679

កន្លងផុតទៅថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុកផេក “នាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍” បានបង្ហាញប្រាសាទដ៏ស្រស់ស្អាតមួយ ក្នុងចំណោមប្រាសាទផ្សេងៗទៀតនៅខេត្តសៀមរាប តែភ្ញៀវទេសចរមួយចំនួនមិនសូវស្គាល់។ ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមថា៖

“ប្រាសាទបាគង ជាប្រាសាទដ៏ស្រស់ស្អាតមួយក្នុងចំណោមប្រាសាទផ្សេងៗទៀតនៅខេត្តសៀមរាប តែភ្ញៀវទេសចរមួយចំនួនមិនសូវស្គាល់។

ប្រាសាទបាគងត្រូវបានជ្រើសយកសម្រាប់ការរចនាជាវិមានឯករាជ្យនៅក្រុងភ្នំពេញ តែក៏មានភ្ញៀវទេសចរមួយចំនួនមិនសូវជាស្គាល់ពោលគឺទៅហួសមកហួស មិនដែលបានទៅលេង ព្រោះតែទីតាំងនៃប្រាសាទ ស្ថិតនៅឆ្ងាយពីប្រាសាទអង្គរវត្ត គឺនៅខាងកើតទីរួមខេត្តសៀមរាប។ ប្រាសាទបាគង ស្ថិតនៅក្នុងខេត្តសៀមរាប សាងសង់ឡើងក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ៨៨១ សម្រាប់ឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មមញ្ញសាសនា។

បើគិតមកទល់ពេលនេះគឺមានអាយុកាលជាងមួយពាន់ មួយរយឆ្នាំមកហើយ ប្រាសាទនេះមានឈ្មោះដើមថា ឥន្រ្ទស្វារៈ ស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរាល័យ(រលួស ) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី ១ ប្រាសាទនេះជានិម្មិតរូបនៃភ្នំមេរុ ដែលស្រដៀងគ្នានឹងប្រាសាទ បួរួបូឌួ នៅប្រទេសឥណ្ឌូនេស៊ី (ប្រទេសជ្វា អតីតកាល) ។ ប្រាសាទបាគង មានខឿន៥ជាន់ តំណាងឱ្យឋាន ៥ គឺឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ (ឋានមនុស្ស) ឋានយក្ស និង ឋានមហារាជ (ឋានអាទិទេព) ។

ប្រាសាទបាគង មានតួប៉ម១២ តំណាងឱ្យខែទាំង១២ គឺតំណាងឱ្យព្រះកាលគឺពេលវេលា។ តួប៉មកណ្តាលសង់ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ស្ថិតក្នុងរចនាប័ទអង្គរវត្ត ដោយប្រាង្គចាស់ក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ នោះសង់ពីឥដ្ឋសម្រាប់តម្កល់សិវៈលិង្គ (កម្រតេងជគតរាជស្រីឥន្ទ្រស្វារៈ) សម្រាប់ដំឡើង​​​​​​ឋានៈទ្រង់ជាស្តេចនៃចក្រវាឡ ដែលជាអំណាចអមតៈទាំង៩ និងអាណាចក្រ៣ និងមានប្រាង្គសង់ពីឥដ្ឋ៨ ទៀតតំណាងឱ្យទិសទាំង៨ និងជាទីគង់របស់លោកបាលទាំង៨ និង ជាលោកធាតុទាំង៨ គឺទឹក ដី ភ្លើង ខ្យល់ មេឃ ព្រះអាទិត្យ ព្រះច័ន្ទ និង អាត្ម័ន។ ប្រាសាទនេះមានគូទឹកព័ទ្ធជុំវិញតំណាងឱ្យមហាសមុទ្រធំៗទាំង ៧ ៕”៕