ដំណឹងល្អ!! ក្រុមហ៊ុនចិនមកពីសៀងហៃ គ្រោងវិនិយោគសាងសង់រោចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនីក្នុងខេត្តបាត់ដំបង

ក្រុមហ៊ុនចិន CITICPE ដែលជាក្រុមហ៊ុនកែច្នៃសំរាមលំដាប់ទី៣ នៅប្រទេសចិនបានបង្ហាញគម្រោងធ្វើការវិនិយោគសាងសង់រោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅលើទឹកដីខេត្តបាត់ដំបង ដើម្បីឆ្លើយតបទៅនឹងប្រសាសន៍របស់សម្ដេចតេជោហ៊ុន សែន ដែលបានអំពាវនាវដល់ក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុកមកវិស័យមួយនេះនៅកម្ពុជា។ គម្រោងមួយនេះត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង លោក Zhou Yuhui ដែលបានដឹកនាំក្រុមហ៊ុន CITICPE មកពីទីក្រុងសៀងហៃកាលពីថ្មីៗនេះ។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ងួន រតនៈ បានស្វាគមន៍យ៉ាងខ្លាំងចំពោះក្រុមហ៊ុន CITICPE ដែលមានគម្រោងចង់សិក្សាអំពីសំរាមនៅក្នុងក្រុងបាត់ដំបង និងតាមបណ្តាលស្រុក ក្នុងខេត្តបាត់ដំបងផងដែរ។ ខណៈដែលក្រុងបាត់ដំបងក្នុងពេលបច្ចុប្បន្នមានក្រុមហ៊ុនដៃគូរ ក្នុងការប្រមូល និងទុកដាក់រួចហើយ ប៉ុន្តែមិនទាន់មានការកែច្នៃសំរាមនេះនៅឡើយទេ។ ហើយគម្រោងនេះកំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ ដោយក្រុមហ៊ុនកំពុងស្នើដល់អាជ្ញាធរខេត្តជួយទៅលើការងារមួយចំនួនជាមុនសិនដូចជា ការប្រមូលសំរាម ការទុកដាក់សម្រាមរបស់ប្រជាពលរដ្ឋក្នុងកន្លែងមួយច្បាស់លាស់ និងការដឹងជញ្ជូននៅក្នុងខេត្តជាដើម។

យ៉ាងណាមិញគម្រោងរោចក្រនេះនឹងឈានដល់ការសាងសង់បើបញ្ហាទាំងអស់ត្រូវបានដោះស្រាយរួចរាល់ នឹងអាចកែច្នៃសំរាមមួយចំនួនទៅជាថាមពលអគ្គិសនី ចំនែកឯផ្លាស្ទិក និងលោហៈធាតុអាចកែច្នៃប្រើប្រាស់វិញបាន ដែលអាចជួយឲ្យបរិស្ថានក្នុងខេត្តមានភាពប្រសើរឡើង។ មិនតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តបានរំពឹងថាគម្រោងនេះនឹងទទួលបានជោគជ័យ ហើយជាគំរូដល់ខេត្តដទៃ ស្របពេលដែលបច្ចុប្បន្នខេត្តបាត់ដំបងមានសំរាមប្រមាណ ១៣០ ទៅ១៥០ តោនក្នុងមួយថ្ងៃដោយ ៦៥% ជាសំណល់សរីរាង្គ និង ៣៥% ជាសំណល់ផ្លាស្ទិក៕