ដោយមើលឃើញពីភាពខ្វះខាតបច្ចេកទេស និងធនធានជាពិសេសប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករកម្ពុជាក្នុងការដាំដុះដំណាំកសិកម្មដែលមានដំណាំស្រូវជាចម្បងនោះ រដ្ឋាភិបាលជប៉ុនមានបំណងផ្ដល់ហិរញ្ញប្បទានសម្រាប់ជួសជុល និងសាងសង់នៅប្រព័ន្ធធារាសាស្រ្តចំនួនពីរ។
ដោយកាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅថ្មីនេះ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីបច្ចេកទេសក្រសួង បានចូលរួមដំណើរជាមួយលោក Suzuki Hiroshi អគ្គនាយក JICA ប្រចាំទីក្រុងតូក្យូ និងជាប្រធានក្រុមបេសកកម្មស្វែងរកការពិត (Fact Finding Mission) បានចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រក្នងខេត្តកណ្ដាល និងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺ ដើម្បីសម្រេចលើការស្នើសុំអនុវត្តន៍ការសាងសង់នូវប្រព័ន្ធធារាសាស្ត្រទាំងពីរនេះ។
ជាមួយគ្នានេះដែរប្រព័ន្ធធារាសាស្រ្តទាំងពីរដែលទី១ ប្រព័ន្ធធារាសាស្រ្តកណ្ដាលស្ទឹង មានទីតាំងស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងទី២ ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងស្រុក សំរោងទង ក្រុងច្បារមន និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ផងដែរថាគម្រោងទាំងពីបានទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល និងសាងសង់ ដោយក្រោយការសាងសង់រួចគម្រោងទាំងពីរនេះនឹងអាចផ្ដល់ទឹកធ្វើស្រែបាន ០៣ ដងក្នុងមួយឆ្នាំ។
ក្នុងនោះស្រូវបង្កើនរដូវវស្សាបានចំនួន ១២០០ ហិកតា ស្រូវរដូវវស្សាបានចំនួន ២២០១ហិកតា និងស្រូវរដូវប្រាំងបានចំនួន ៤០០ហិកតា សម្រាប់ប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង។
ដោយឡែកសម្រាប់ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃនិងធ្វើស្រែបាន ០២ដង ក្នុងមួយឆ្នាំ ដោយស្រូវវស្សា បានចំនួន ១៦៩១០ហិកតា និងស្រូវប្រាំងបានចំនួន ១៥០០ហិកតា ហើយព្រមទាំងជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ។ យ៉ាងណាមិញក្រោយពីបានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ទាំង០២ នេះ រួចមក អគ្គនាយក JICA បានទទួលស្គាល់នូវសារៈសំខាន់ និងភាពចាំបាច់ក្នុងការជួសជុល និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះ ដោយលើកយកសំណើរសុំសាងសង់នេះ ទៅពិភាក្សាលម្អិតជាមួយក្រសួងធនធានទឹក និងឧតុនិយម មុននឹងសម្រេចលើការស្នើសុំសាងសង់ខាងលើនេះ។