ក្តៅៗ!! ករណីគ្រោះថ្នាក់​ចរាចរណ៍​ នៅលេីស្ពានកោះកុង​ រវាងរថយន្ត​តាកូម៉ា និងរថយន្តដឹកដី

219

កោះកុង ÷ នៅវេលាម៉ោង១.៣៥នាទីរសៀល នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីគ្រថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តតាកូម៉ា និង រថយន្តដឹកដី បង្កអោយមានការកកស្ទះចរាចរណ៍ជិត១ម៉ោង នៅលើស្ពានកោះកុង ។

បើតាមការលើកឡើងពីពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់បានអោយដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកតាកូម៉ា ពាក់ស្លាកលេខភ្នំពេញ 2AZ .9133 បើកវ៉ាជែងរថយន្តមួយគ្រឿងទៀតនៅលើស្ពានកោះកុង ដោយមិនបានខ្វល់ខ្វាយពីគំនូរហាមវ៉ាជែងនៅលើស្ពាននោះទេ ស្រាប់តែជ្រុលចង្កូតទៅបុកនិងរថយន្តដឹកដីម៉ាកUD គ្មានស្លាកលេខ បណ្តាលអោយរថយន្តទាំង២ខាងលើរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែមិនបង្កអោយមាននណាម្នាក់ស្លាប់ ឬ រងរបួសនោះទេ ។

ដោយឡែកសមត្ថកិច្ចចរាចរណ៍ក្រុងខេមរភូមិន្ទ បានអោយដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយឈ្មោះ មុត កុសល្យ បានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតក៏ស្រាប់តែបែកកង់រថយន្តមុខខាងឆ្វេង បណ្តាលអោយរេចង្កូតបុករថយន្តដឹកដីដែលបើកបរបញ្រ្ចាសទិសគ្នាតែម្តង ។

ចំពោះ លោក ញ៉ែម ភៀស ជនរងគ្រោះ ដែលជាម្ចាស់រថយន្តដឹកដី ចង្កូតស្តាំ ម៉ាកUD គ្មានស្លាកលេខ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឱ្យដឹងដែរថា លោកមិនចង់វែងឆ្ងាយទេ បើប្រសិនជនបង្កទទួលស្គាល់កំហុស និងចង់យកទៅយានយន្តជួលជុលរថយន្តសងវិញ ។

ចំណែក លោក ជុន គា អធិការរង ទទួលបន្ទុកផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងខេមរភូមិន្ទ បានលើកឡើងថាបើទោះជាភាគីទាំង២ បានឯកភាពសម្របសម្រួល ដើម្បីជួសជុលរថយន្តក្រៅផ្លូវការក៏ដោយ ក៏លោកត្រូវតែយករថយន្តទាំង២គ្រឿងនេះ ទៅអធិការដ្ឋានកសាងសំណុំរឿងតាមច្បាប់ជាមុនសិន ៕