ប្រវត្តិសង្ខេបខ្លះៗ ពីបុរសចំណាស់ដែលមានមហិច្ចតាចង់បង្កើតឥណ្ឌូចិន «ហូ ជីមិញ»

290

ឪពុករបស់ហូជីមិញ គោរពលទ្ធិខុងជឺ ដូច្នេះហើយទើបហូជីមិញ យល់បានពីទស្សនៈរបស់ខុងជឺ និងប្រើប្រាស់ភាសាចិនបានយ៉ាងស្ទាត់ជំនាញ។ ខុងជឺ បង្រៀនមនុស្សពីការដឹងគុណដូនតា ទាមទារយុត្តិធម៌ ចំណេះដឹង ជំរុញក្នុងការបណ្ដុះធនធាន និងមេរៀនក្នុងការរស់នៅជាដើម.ល.។

ចំពោះហូជីមិញ វិញ គាត់ជាមនុស្សជាតិនិយម គាត់ដឹងគុណដូនតារបស់គាត់ និងស្រឡាញ់ការពារទឹកដីគាត់ខ្លាំងណាស់។ ចំណែកក្នុងរឿងក្នុងការទាមទារយុត្តិធម៌វិញ ហូជីមិញបានចូលរួមបាតុកម្មតាំងពីអាយុ១៨ឆ្នាំមកម្ល៉េះ ជាហេតុដែលនាំឲ្យ ប៉ះពាល់ដល់ការសិក្សារបស់គាត់ និងបំផុសគំនិតបដិវត្តន៍ក៏ចាប់ផ្ដើមឡើង។ បើនិយាយពីការសិក្សាចំណេះដឹង ហូជីមិញ បានរៀនសូត្រពីសត្រូវរបស់គាត់ គឺបារាំង តាំងពីនៅលើកប៉ាល់វេនបា ទៅដល់ប្រទេសបារាំង និងបានសិក្សាពីបណ្ដាប្រទេសផ្សេងៗដទៃជាច្រើនទៀត។ ក្នុងការជំរុញនិងបណ្ដុះធនធានមនុស្សវិញ នៅពេលដែលប្រទេសវៀតណាមកំពុងតែនៅក្នុងភ្លើងសង្គ្រាម ហូជីមិញបានបណ្ដុះធនធានមនុស្សត្រៀមទុកជាមុន ក្រោយបញ្ចប់សង្គ្រាមរួចជាស្រេច ដើម្បីសម្រេចផែនការណ៍បន្តរបស់គាត់។

ចំពោះទស្សនៈខុងជឺ មួយឃ្លាបាននិយាយថា ជីវិតតាមពិតសាមញ្ញខ្លាំងណាស់។ បើយើងមើលក្នុងការរស់នៅរបស់ហូជីមីញ វិញ គឺមានលក្ខណៈធម្មតាសាមញ្ញបំផុត រហូតដល់ជនជាតិវៀតណាមគ្រប់រូប ហៅហូជីមិញថា អ៊ុំហូ មានន័យថាមានភាពស្អិតរមួត រវាងអ្នកដឹកនាំនិងប្រជាជនតែម្ដង។

ទស្សន:ខុងជឺ មួយឃ្លាទៀតបាននិយាយថា គ្រប់យ៉ាងសុទ្ធតែស្រស់បំព្រង តែមិនមែនគ្រប់គ្នាបានឃើញទេ។ បើនិយាយពីហូជីមិញ វិញ សឹងតែមួយជីវិតរបស់គាត់ ធ្វើដើម្បីតែជាសាសន៍របស់គាត់ អត់មានជាប់ហ្នឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ឡើយ។ ហើយគាត់ដឹងច្បាស់ថា ការប្រើប្រាស់ជីវិតត្រូវរកតម្លៃឲ្យឃើញ តើលះបង់ដើម្បីបុព្វហេតុអ្វី? សម្រាប់ហូជីមិញ គឺគាត់លះបង់ដើម្បីតែទឹកដី ជាតិសាសន៍របស់គាត់តែប៉ុណ្ណោះ។

ចុះបងប្អូនដែលគោរពលទ្ធិព្រះពុទ្ធសាសនា បានធ្វើការងារ ដូចជាហូជីមិញ ហើយឬនៅ? ព្រោះ ព្រះពុទ្ធ សម្ដែងថា ចុតិ បដិសន្ធិ ស្លាប់ហើយកើត គ្មានយើងនោះទេ។ តើយើងគួរតែធ្វើការងារអ្វី ដើម្បីឲ្យជីវិតមានតម្លៃ? បើថ្ងៃណាមួយបងប្អូនបាត់បង់ទឹកដី តើបងប្អូនមានអ្វី ដើម្បីឆ្លើយតបនិងក្មេងជំនាន់ក្រោយ? ឬមួយបងប្អូនទុកឲ្យ ប្រទេសរបស់បងប្អូន នៅតែស្ថិតក្នុងស្ថានភាពបែបហ្នឹង? សម្រាប់ខ្ញុំគ្រាន់់តែដឹងថា មានតែជំរុញឲ្យបងប្អូន ស្វែងយល់សិក្សាពីចំណេះដឹងទូទៅ ក្នុងរឿងនយោបាយ ប្រវត្តិសាស្រ្ត ព្រះធម៌ មេរៀនជីវិតជាដើម។ ដើម្បីចាប់ផ្ដើមកសាងធនធានមនុស្ស កែប្រែប្រវត្តិសាស្ត្រ ឲ្យច្បាស់ថា ខ្មែរយើងជាពូជអ្នកចម្បាំង៕