សុំម្នាក់មួយស៊ែរមកកូនខ្មែរ!​ ដូនតា​ខ្មែរពិតជាអស្ចារ្យណាស់ ​សាងសង់​ប្រាសាទ​អង្គរ​វត្ត​តាម​ក្បួន«តារាសាស្រ្ត»

213

តារាសាស្រ្ត គឺជាវិជ្ជាមួយដែលគេប្រើសម្រាប់សិក្សាអំពីផ្កាយនៅក្នុងចក្រវាល មើលពីពេលវេលា ដំណើរគោចររបស់ផ្កាយ ដោយទាក់ទងនឹងទិស រដូវ ពេលនិងម៉ោង។ វិស័យនេះ ត្រូវបានមនុស្សយកមកប្រើប្រាស់ និងស្វែងយល់ជាយូរមកហើយ ជាពិសេសអ្នកដំណើរនៅតាមសមុទ្រ និងវាលខ្សាច់ ដែលពឹងលើវិជ្ជាមួយនេះជាចាំបាច់សម្រាប់រកទិសតំបន់។លើសពីនេះទៅទៀត មនុស្សគ្រប់ជាតិសាសន៍មានជំនឿថា ដំណើររបស់ផ្កាយនៅក្នុងចក្រវាលមានឥទ្ធិពលលើមនុស្ស។ នាសម័យបុរាណជំនឿនេះ មានទំហំធំធេងណាស់ ដូចមានសំណង់សាសនា បានសាងមកជាភស្តុតាងស្រាប់។

តើមានឥទ្ធិពលសំខាន់ៗអ្វីខ្លះនៃដំណើរផ្កាយមកលើសំណង់សាសនារបស់ខ្មែរនាសម័យបុរាណ? តើសំណង់ប្រាសាទអង្គរវត្តមានទាក់ទងនឹងវិស័យតារាសាស្រ្តនេះដែរឬទេ?

តាមពិតទៅ វិស័យតារាសាស្រ្ត មានឥទ្ធិពលលើជីវភាពរស់នៅរបស់មនុស្សតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ គេតែងរកហោរដើម្បីស្វែងរកជោគរាសីល្អ សម្រាប់រៀបចំកិច្ចពិធីអ្វីមួយ ឬសម្រាប់សាងសំណង់អ្វីមួយដែរ។ មនុស្សតែងជឿថា គ្រប់ដំណើរជីវិតរបស់ខ្លួន តាំងពីកើតរហូតដល់ស្លាប់ គឺមានការប្រាស្រ័យទាក់ទងនឹងដំណើរវិវត្តន៍របស់ផ្កាយជានិច្ច។

លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវ និងជាអនុប្រធាននាយកដ្ឋានអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបានឲ្យដឹងថា ដោយសារឥទ្ធិពលនៃដំណើរផ្កាយនេះហើយ ទើបរាល់កិច្ចពិធី ឬធ្វើសំណង់ផ្សេងៗ មនុស្សតែងរកជោគល្អ ឬពេលល្អដើម្បីរៀបចំធ្វើទ្បើង តួយ៉ាងដូចប្រាសាទអង្គរវត្តជាដើម។ លោកបន្ថែមថា មនុស្សតែងរកអ្នកចេះជ្រៅជ្រះផ្នែកតារាសាស្រ្តឲ្យមើលពីដំណើររបស់ផ្កាយ នាំមកនូវជោគល្អ ផលល្អទៅថ្ងៃអនាគត មុននឹងរៀបចំកិច្ចពិធី ឫសង់សំណង់អ្វីមួយ។ មានភស្តុតាងជាច្រើន ដែលបញ្ជាក់ថា វិស័យតារាសាស្រ្តនេះ ត្រូវបានយកមកប្រើប្រាស់នាសម័យបុរាណ។ តាមសិលាចារឹកជាច្រើននៅតាមប្រាសាទ គេតែងសង្កេតឃើញមានបង្ហាញពី«នក្សត្រឫក្ស» ដែលហោរដែលមានចំណេះខាងតារាសាស្រ្ត គន់គូររក ដើម្បីឲ្យដឹងថាគ្រោះកាចឬគ្រោះជា មុននឹងគេចាប់ផ្តើមធ្វើសំណង់នីមួយៗ។

កន្លងមកនេះ មានអ្នកស្រាវជ្រាវបរទេស ជនជាតិជប៉ុន បារាំង អាមេរិក និងឥណ្ឌា បានសិក្សាអំពីតួនាទីរបស់តារាសាស្រ្តមកលើសំណង់ប្រាសាទខ្មែរ។ លទ្ធផលនៃការសិក្សាទាំងនោះបានយល់ស្របគ្នាថា សំណង់អង្គរវត្តពិតជាមានការពាក់ព័ន្ធនឹងក្បួនខ្នាតតារាសាស្រ្ត ពេលវេលាចក្រវាល តាមក្បួនប្រតិទិនរបស់សាសនាពា្រហ្ម។ គេយល់ថា ចក្រវាលយើង បែងចែកជាយុគចំនួន៤ធំៗ។ សំណង់អង្គរវត្តបានសាងទ្បើង ទាក់ទងនឹងដំណើរវិវត្តន៍របស់ចក្រវវាលយ៉ាងប្រាកដប្រជា។

តើសំណង់អង្គរវត្តមានទំនាក់ទំនងអ្វីទៅនឹងបាតុភូតថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត? ត្រង់ចំណុចនេះ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា មិនមែនមានតែអង្គរវត្តមួយទេ ដែលទាក់ទងនឹងដំណើរថ្ងៃរះនោះ គឺមានសំណង់សាសនានៃវប្បធម៌បុរាណដទៃទៀតដែរ។ ចំពោះសំណង់អង្គរវត្ត គេអាចសង្កេតឃើញថា វាមានព្រឹត្តិការណ៍ចំនួន៤បានកើតឡើងជានិច្ច។ ព្រឹត្តិការណ៍ទាំង៤នោះ រួមមាន ពេលវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ឬហៅថាសមរាត្រី គឺកើតឡើង២ដងក្នុងមួយឆ្នាំ លើកទី១នារដូវវស្សា កើតចំថ្ងៃទី២១ កញ្ញា និងលើកទី២នារដូវប្រាំង កើតចំថ្ងៃទី២១ មីនា។ សម្រាប់ព្រឹត្តិការណ៍២ទៀត គឺពេលថ្ងៃមានរយៈពេលខ្លីជាងយប់ កើតឡើងចំថ្ងៃទី២១ ធ្នូ និងថ្ងៃវែងជាងយប់ កើតចំថ្ងៃទី២១ មិថុនា។

សម្រាប់សមរាត្រី នៅថ្ងៃមីនានេះ គឺចំថ្ងៃទី២១ ត្រូវនឹងម៉ោង ៦និង៩នាទី ថ្ងៃរះទ្បើងចំប្រាង្គកណ្តាលប្រាសាទអង្គរវត្ត។ តែយ៉ាងណា លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា នាឆ្នាំនេះ វានឹងមិនរះចំ១០០ភាគរយពេកនោះទេ។

តើមានអ្វីជាសម្គាល់លើសំណង់អង្គរវត្ត ទាក់ទងនឹងព្រឹត្តិការណ៍ទំាង៤នោះ?

ស្ថាបត្យករដែលសាងសង់អង្គរវត្ត បានប្រើខ្នាតគំរួមួយ ដែលជាហត្ថ ដោយក្នុងមួយហត្ថនៅអង្គរវត្តមានប្រវែងស្មើនឹង ០.៤៣៦ម៉ែត្រ។ បើយកខ្នាតនេះទៅវាស់វែងទំហំទូទៅរបស់អង្គរវត្ត យើងពិតជាឃើញពីកាលបរិច្ឆេទនៃយុគនីមួយៗ និងឃើញប្រតិទិននៃចក្រវាទលមួយ ដែលគេសង្កេតឃើញនៅក្នុងសំណង់អង្គរវត្ត។

តាមការបកស្រាយរបស់លោក អ៊ឹម សុខរិទ្ធីដដែល ខ្នាតគន្លឹះមួយនេះបានយកទៅប្រើនៅថែវខ្វែងឋាននាជាន់បាកាន។ ថែវលិចនិងកើតមានប្រវែង ១៨៩ហត្ថ។ រីឯថែវជើងនិងត្បូងមានប្រវែង១៧៦ហត្ថ។ បើយើងយកចំនួនទាំង២បូកបញ្ចូលគ្នា នោះយើងនឹងបានចំនួន៣៦៥ ដែលជាចំនួនថ្ងៃសារុបប្រចាំឆ្នាំ។ ខ្នាតគន្លឹះនេះ បានធ្វើឲ្យយើងដឹងដែរថា ក្នុងរវាង១៨៩ថ្ងៃ ព្រះអាទិត្យនឹងមករះលើចំកំពូលប្រាសាទកណ្តាលម្តង ហើយ ១៧៦ថ្ងៃម្តងទៀត វានឹងវិលមករះចំកណ្តាលម្តងទៀត។ បើគិតតាមរដូវវិញ គឺក្នុងរដូវប្រាំង ក្នុងរវាង១៨៩ថ្ងៃ ព្រះអាទិត្យបានវិលមកចំប្រាង្គកណ្តាលអង្គរម្តង ហើយ១៧៦ថ្ងៃក្នុងរដូវវស្សា ព្រះអាទិត្យនឹងបានត្រឡប់មកចំកណ្តាលម្តង៕