ថ្មីចេស! ខ្ចីលុយតែ ១១០០ ដុល្លារ តែពេលសរុបទឹកប្រាក់ម្ចាស់បំណុលថា ៤១៣៦០ ដុល្លារ

344

នៅរសៀល ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ កសិករឈ្មោះ ជឹម ធា ហៅ រឿន ធា រស់ នៅ ភូមិ កណ្ដឹង តូច ឃុំ កណ្ដឹង ស្រុក បាទី ខេត្ត តាកែវ បានមកដល់ទីស្នាក់ការ គេហទំព័រ PVNN ដេីម្បី អោយជួយផ្សាយព័ត៌មាន ករណី គាត់ ខ្ចីលុយគេតែ ២ ដង សរុប ១១០០ ដុល្លារ ស្រាប់តែ ម្ចាស់ បំណុល ចោទថាគាត់ខ្ចី ៣ ដង សរុប ទឹក ប្រាក់ ៤១៣៦០ ដុល្លារ ។

លោកស្រី ជឹម ធា បានបង្ហាញ លិខិត ជូនដំណឹង របស់ មេធាវី មួយច្បាប់ ដោយមានរៀបរាប់ថា លោកស្រី បានខ្ចីលុយ កូនបំណុល របស់ ខ្លួន ចំនួន ៣ លេីក សរុប ទឹក ប្រាក់ ៤១៣៦០ ដុល្លារ ។ ខ្ចីលេីកទី ១ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ ចំនួន ៦០០ដុល្លារ ខ្ចីលេីកទី ២ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ ចំនួន ២៣០០០ ដុល្លារ និង ខ្ចីលេីកទី ៣ ចំនួន ១៧៧៦០ ដុល្លារ ។ លិខិត ជូនដំណឹង របស់ មេធាវី បានជំរាបជូន លោកស្រី ជឹម ធា អំពី កាតព្វកិច្ច របស់ ខ្លួន ដេីម្បី សងប្រាក់ដេីម និង ប្រាក់ ការ ទៅកូនក្ដីរបស់លោក ក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ ។

ពាក់ព័ន្ធ នឹងការអះអាងក្នុងលិខិតជូនដំណឹងរបស់ មេធាវី ម្ចាស់ បំណុល លោកស្រី ជឹម ធា បានអោយដឹងថា លោកស្រី ទទួល ស្គាល់ តែការខ្ចី ប្រាក់ ចំនួន ២ ដងតែ ប៉ុណ្ណោះ គឺខ្ចីលេីកទី ១ ចំនួន ៦០០ ដុល្លារ និង ខ្ចី លេីកទី ២ ចំនួន ៥០០ ដុល្លារ ។ ចំពោះ ការអះអាង លេីសពីនោះ លោកស្រី មិនទទួល ស្គាល់ ទេ ។ ជាពិសេស កិច្ច សន្យា ខ្ចី ប្រាក់ លេីកទី ២ និង កិច្ច សន្យា ខ្ចី ប្រាក់ លេីកទី ៣ គ្មាន ស្នាមមេដៃ របស់ លោកស្រី ទេ ។

គេហទំព័រ PVNN មិនទាន់បាន ទទួលការបំភ្លឺពី ម្ចាស់ បំណុល ឈ្មោះ យ៉ង់ សារីម នៅឡេីយទេ ដោយសារតែគ្មានលេខទំនាក់ទំនង ។

 

 

 

 

 

ប្រភព PVNN