សូម្បីតែបរទេសក៏បាននិយាយដែរ!! ខាងព័ត៌មានចិនធ្លាប់ចុះផ្សាយថា ក្បាច់គុន មួយរបស់ថៃ មានដើមកំណើតចេញពីក្បាច់គុនល្បុក្កតោបុរាណរបស់ខ្មែរ

391

ក្បាច់គុនល្បុក្កតោបុរាណរបស់ខ្មែរ (Bokator/L’bokator) ប្រហែលជាក្បាច់គុនដែលចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះ ប៉ុន្តែវាត្រូវបានលុបចោលស្ទើរតែទាំងស្រុងក្នុងរបបបង្ហូរឈាម និងការគាបសង្កត់របស់ប៉ុលពត។ ជាសំណាងដែលសព្វថ្ងៃនេះ “ល្បុក្កតោ” នៅតែរស់រានមានជីវិតបាន នេះគឺត្រូវអរគុណដល់លោកគ្រូក្បាច់គុនមួយចំនួន ដែលនិយាយពីវា និងបង្ហាត់ក្បាច់គុននេះដល់សិស្សជំនាន់ក្រោយម្តងទៀត។ រំលឹកទៅដល់សម័យប៉ុលពតវិញ វាគឺជារបបប្រល័យពូជសាសន៍ខ្មែរ ដែលធ្វើឱ្យប្រជាជននៅតែមានអារម្មណ៍ដក់ជាប់ និងភ័យខ្លាចបំផុត ទោះបីជាវាកន្លងទៅជាង ៤០ឆ្នាំហើយក្ដី។

ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយ ដែលមានអាយុកាលប្រហែលជា ២,០០០ឆ្នាំ មកហើយ។ វាជាក្បាច់គុនប្រើកែងដៃ​ និង​ជង្គង់​ជា​មូលដ្ឋាន​ ដែលបង្កើតដោយជនជាតិខ្មែរ នៅលើទឹកដីខ្មែរ តាំង​តែពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌាមកម្ល៉េះ។ ក្បាច់គុន​នេះ​ក៏ទំនងជា​កើតឡើង​ដំណាលគ្នា​នឹង​ការកកើត​ទឹកដី​ខ្មែរ​ផងដែរ នេះបើតាមរឿងព្រេងនិទានខ្មែរ។ “ល្បុក្កតោ” យកលំនាំតាមតថភាពមនុស្សសម័យបុរាណ ក៏ដូចជាកាយវិការរបស់សត្វ ដោយសារថាកាលនៅជំនាន់នោះ ខ្មែរយើងយកល្បុក្កតោមកការពារខ្លួនពីសត្រូ សត្វសាហាវ និងប្រើក្នុង​សមរភូមិ ល ។

​ល្បុក្កតោ​ មាន​​ន័យ​ថា​ «វាយ​តោ» ពោលគឺ «បុក» មាន​ន័យ​ថា​ «វាយ» ​ឬក្បាច់​គុន​ ហើយ ពាក្យ​ «តោ» មាន​ន័យ​ថា​​ «សត្វ​តោ» ឬ អនុភាព។ សរុបមក ល្បុក្កតោ មាន​ន័យ​​ថា ​ជា​កំពូល​ក្បាច់​គុន​ប្រកប​ដោយ​អនុភាព​ ឬ​ក្បាច់​គុន​ខ្លាំង​ដូច​សត្វ​តោ។ រហូតមកដល់បច្ចុប្បន្ន សូម្បីតែប្រដាល់សេរីខ្មែរ ឬ មួយថៃ (Muay Thai) ក៏សុទ្ធតែមានដើមកំណើតចេញពីក្បាច់គុននេះ។ ភស្តុតាង​ជាក់ស្តែង​នៃ​ប្រវត្តិ​ក្បាច់គុន​នេះ ត្រូវបាន​ប្រវត្តិវិទូ​រកឃើញថា មាន​ឆ្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​៩ ដូចជា​ប្រាសាទ​ព្រះ​គោ បន្ទាយស្រី អង្គរវត្ត និង​បាពួន​។

ជាក់ស្ដែងកាសែត South China Morning Post ក៏ធ្លាប់សរសេរអំពី “ល្បុក្កតោ” និងបានសរសើរលោកគ្រូគុនម្នាក់របស់ខ្មែរផងដែរ។ នៅក្នុងអត្ថបទដ៏វែងរបស់ SCMP បានសរសេរយ៉ាងច្បាស់ថា ល្បុក្កតោជារបស់ខ្មែរ ហើយមួយថៃ (Muay Thai) គឺមានដើមកំណើតចេញពីក្បាច់គុននេះ ដោយមានចម្លាក់នៅអង្គរវត្តជាភស្តុតាងមិនអាចប្រកែកបាន។ វាស្ទើរតែត្រូវបានបំផ្លាញចោលទាំងស្រុងនោះក្នុងសម័យប្រល័យពូជសាសន៍ ប៉ុន្តែវាបានរស់រានឡើងវិញនៅទឹកដីខ្មែរ ដែលនេះគឺអរគុណដល់លោកគ្រូ San Kim Sean (សាន គឹម​ស៊ាន) ដែលគាត់ខិតខំព្យាយាមដាក់់ចិត្តបង្រៀនដល់សិស្សជំនាន់ក្រោយមិនខ្លាចហត់នឿយ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយលោកគ្រូ សាន គឹម​ស៊ាន បាននិយាយយ៉ាងមានមោទកថា ខណៈដែល “មួយថៃ” មាន​ភាព​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក ប្រភព​ដើម​របស់​វាគឺចេញ​ពី ​“ល្បុក្កតោខ្មែរ” ព្រោះអាណាចក្រ​ខ្មែរ​​ធ្លាប់បាន​គ្រប​ដណ្ដប់​យ៉ាង​ធំធេង​នៅ​តំបន់អាស៊ីអាគ្នេយ៍ បូករួមទាំងមួយផ្នែកធំ​របស់​ថៃ​​ក្នុង​អំឡុង​ពេល​​ដែល​អំណាចរបស់ខ្មែរ​ បានឈាន​ដល់កម្រិតកំពូល​នៅ​សតវត្ស​ទី១២ និង​ទី១៣។ លោកគ្រូក៏បានពន្យល់ពីភាពលំបាកនៅសម័យប៉ុលពតដែរថា៖ “អ្នកមិនត្រូវនិយាយថាអ្នកចេះក្បាច់គុន អ្នកមិនត្រូវនិយាយថាអ្នកបានទៅសាលារៀន កុំនិយាយថាអ្នកពាក់វ៉ែនតា។ ព្រោះអ្នកនឹងត្រូវគេសម្លាប់ក្នុងរយៈពេលតែមួយនាទី”៕


ប្រភព៖ Khmer Note