ដំណឹងល្អ! សម្ដេច​ ហ៊ុន សែន មានមហិច្ឆតាប្រែក្លាយក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មហិរញ្ញវត្ថុ

284

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា មានមហិច្ឆតាប្រែក្លាយទីក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​ហិរញ្ញវត្ថុនៅថ្ងៃអនាគត ដូចទៅនឹងទីក្រុងធំៗមួយចំនួនក្នុងតំបន់ដូចជា ហុងកុង សាំងហ្គាពួរ សៀងហៃ ជាដើម។ នេះបើយោងតាមការថ្លែងក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែនៅក្នុងក្នុងព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

ក្នុងនោះសម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងយ៉ាងដូច្នេះថា “ ព្រោះទីក្រុងមួយនេះ ហៅថាទីក្រុងពហុបំណងដែលមានស្ទើរតែគ្រប់វិស័យ ការដឹកជញ្ជូនក៏នៅទីនេះ កំពង់ផែទឹកជ្រៅរបស់យើងក៏នៅទីនេះ ឧស្សាហកម្មក៏នៅទីនេះ សេវាក៏នៅទីនេះ ហើយអាចទៅថ្ងៃក្រោយឈានទៅជាតំបន់ មូលដ្ឋាន ហិរញ្ញវត្ថុ នៅក្នុងតំបន់ ទៀតក៏អាចថាបាន ប្រសិនបើយើងអភិវឌ្ឍន៍ឲ្យបានត្រឹមត្រូវ ពីដើមមានតំបន់ហុងកុង សាំងហ្គាពួរ និងនៅកន្លែងមួយចំនួនដូចសៀងហៃ ក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ដុ យើងក៏មានមហិច្ឆតាចង់ទៅកាន់ ទៅដល់គោលដៅនោះដែរ ដែលទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលអាចជឿទុកចិត្ដ មិនមែនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាទេ តែឈាន ទៅដល់ កម្រិត នៃ ស្ថានភាពហិរញ្ញវត្ថុ តំបន់ និងអរន្ដជាតិផងដែរ ”។

សូមជ្រាបថា ក្រុងព្រះសីហនុជាទីក្រុងមួយដ៏សំខាន់របស់កម្ពុជា ដែលមានការអភិវឌ្ឍស្ទើរគ្រប់វិស័យដោយមានទាំង អគារខ្ពស់ៗ តំបន់ទេសចរណ៍ ព្រលានយន្ដហោះ កំពង់ផែទឹកជ្រៅ ផ្លូវរថភ្លើង ហើយក៏បាននឹងកំពុងស្ថាបនាផ្លូវល្បឿនលឿនទៅមករាជធានីភ្នំពេញ រួមជាមួយគម្រោងធំៗផ្សេងទៀតជាច្រើន។

ប្រភព business-cambodia