Update​៖​ ​មនុស្សទាំងអស់១៧៦នាក់ស្លាប់ ក្នុងករណីធ្លាក់យន្តហោះអ៊ុយក្រែន នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់

666

(តេហេរ៉ង់)៖ ប្រភពផ្លូវការបានបញ្ជាក់មកហើយ នោះគឺមនុស្សទាំងអស់នៅលើយន្តហោះអ៊ុយក្រែន ដែលបានធ្លាក់ក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់នោះ គ្មាននរណាម្នាក់នៅរស់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយថា មនុស្សទាំងអស់ដែលជិះនៅលើយន្តហោះ មានសរុប ចំនួន ១៧៦នាក់ (ទាំងអ្នកដំណើរ និងអ្នកបម្រើការងារ)។ យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី (Imam Khomeini) នៅជាយរដ្ឋធានីតេហេរ៉ង់ កាលពីប៉ុន្មានម៉ោងមុននេះ ដោយសារការកំហុសបច្ចេកទេស នៅពេលយន្តហោះព្យាយាមហោះឡើង។

គួរបញ្ជាក់ថា ពីដំបូងឡើយមានសេចក្តីរាយការណ៍ថា មនុស្សរហូតដល់ទៅ ១៨០នាក់បានស្ថិតលើយន្តហោះអ៊ុយក្រែន ដែលបានធ្លាក់នោះ។ យន្តហោះខាងលើ គ្រោងហោះចេញពីអាកាសយានដ្ឋានអ៊ីរ៉ង់ នៅវេលាម៉ោង ៥៖១៥នាទីព្រឹកព្រហាមថ្ងៃពុធនេះ (ម៉ោងនៅតេហេរ៉ង់) ប៉ុន្តែត្រូវបានពន្យារពេល ១ម៉ោងរហូតដល់ម៉ោង ៦៖១២នាទីទើបហោះចេញ ដោយមានគោលដៅ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិ បូរីស្ពីល (Boryspil) នៃរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន៕