វៀតណាម​ធ្វើ​ខ្សែ​រថភ្លើង​លើ​អាកាស​តម្លៃ ១.៥ ពាន់​លាន​ដុល្លារ និង​ប្រើ​រថភ្លើង​ពណ៌​ផ្លែ​ស្រកា​នាគ​និមិត្តរូប​តំណាង​ប្រទេស

265

ប្រទេស​វៀតណាមគ្រោងនឹង​បើក​ប្រតិបត្តិការ​ខ្សែ​រថភ្លើង​លើ​អាកាស​ទី​ពីរ​របស់​ខ្លួន​នៅ​អំឡុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ នេះ ក្រោម​ទុន​វិនិយោគ​ប្រមាណ ១.៥៦ ពាន់​លាន​ដុល្លារ​អាមេរិក​នៃ​កញ្ចប់​ថវិកា​មូលនិធិ ODA។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ទីក្រុង​ហាណូយ​លោក Nguyen Duc Chung ថ្លែង​កាល​ពី​ពេល​កន្លង​ទៅ។

តាម​សារព័ត៌មាន VNExpress បាន​ចុះ​ផ្សាយ​ថា​ប្រតិបត្តិការ​ខ្សែ​រថភ្លើង​លើ​អាកាស​ទី​ពីរ​ក្នុង​ប្រទេស​វៀតណាម​មួយ​នេះ មាន​ប្រវែង ១២.៥ គីឡូម៉ែត្រ ដោយ​ចេញ​ដំណើរ​ពី​ភាគ​ខាង​លិច​ស្រុក Nam Tu Liem នៃ​ទីក្រុង Qui Nhon មកស្ថានីយនៃ​ទីក្រុង​ហាណូយ ហើយ​ទំនង​ជា​នឹង​បើក​ដំណើរការ​លឿន​ជាង​ការ​រំពឹង​ទុក​ដែល​ដំណឹង​កាល​ពី​ពេល​មុន គឺ​គ្រោង​ប្រតិបត្តិការ​នៅ​ខែ​មេសា ឆ្នាំ ២០២១ ឯណោះ។

គម្រោង​សាងសង់​នេះ​សោត ក៏​អាច​នឹង​ជា​ផ្សា​ភ្ជាប់​ជាមួយ​ការ​ដាក់​ឲ្យ​ដំណើរការ​នៅ​រថភ្លើង​របស់​ក្រុមហ៊ុន​បារាំង Alstom ដែល​រចនា​លាប​ពណ៌​បៃតង ក្រហម និង ស តំណាង​ឲ្យ​ផ្លែ​ស្រកា​នាគ​ដែល​ជា​ផលិតផល​នៃ​និមិត្ត​រូប​តំណាង​ឲ្យ​ប្រទេស​វៀតណាម​ទាំង​មូល។

គួរ​រំឭក​ថា​ខ្សែ​រថភ្លើង​លើ​អាកាស (Metro Train) ទី​មួយ គឺ​ចាកចេញ​ពី​ស្ថានីយ Cat Linh ទៅ​ស្ថានីយ Yen Nghia ដែល​មាន​ប្រវែង ១៣.១ គីឡូម៉ែត្រ៕