ក្តៅៗ!​ អូស្រ្តាលីចេញសារព្រមានជម្លៀសប្រជាជនជាថ្មី ខណៈបិសាចភ្លើងឆេះព្រៃ ចាប់ផ្ដើមមានសកម្មភាពឡើងវិញ

294

(ស៊ីដនី)៖ អាជ្ញាធរអូស្រា្តលី នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសារព្រមានជាថ្មី និងសេចក្ដីជូនដំណឹងពីការជម្លៀសខ្លួននៅទូទាំងភាគអាគ្នេយ៍នៃប្រទេស ខណៈការត្រឡប់មក វិញនៃអាកាសធាតុក្ដៅហួតហែង បាននិងកំពុងបង្កឱ្យមានភ្លើងឆេះព្រៃដ៏សម្បើមដែលកំពុងគំរាមកំហែងដល់ទីក្រុង និងសហគមន៍ជាច្រើន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

សារព្រមានជាថ្មី និងសេចក្ដីជូនដំណឹងពីការជម្លៀសខ្លួនខាងលើ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Victoria ដោយតម្រូវឱ្យប្រជាជននៅក្នុងតំបន់គ្រោះថ្នាក់ចាកចេញទៅរកកន្លែង សុវត្ថិភាពរៀបចំដោយរដ្ឋជាបន្ទាន់ ក្នុងរយៈពេល២ថ្ងៃ។ ចំណែកឯ នៅរដ្ឋក្បែរខាង គឺរដ្ឋ New South Wales អាជ្ញាធរអូស្ត្រាលីក៏បានជូនដំណឹងដល់ប្រជាជនឱ្យត្រៀម ជម្លៀសខ្លួនផងដែរ ឱ្យបានមុនរលកកម្ដៅផ្ទុះឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ។

គួរជម្រាបថា គិតមកទល់នឹងពេលនេះ ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩មក បានផ្ដាច់ជីវិតមនុស្ស២៦នាក់, បំផ្លាញផ្ទះសម្បែង១,៨៧០ខ្នង រីឯ សត្វព្រៃរាប់រយលានក្បាលបានងាប់ ព្រមទាំងឆាបឆេះលើផ្ទៃដីច្រើនជាង ១០.៣លានហិកតា ដែលមានទំហំសឹងស្មើនឹងប្រទេសកូរ៉េខាងត្បូង ស្របពេលទំហំខូចខាត ត្រូវបានវាយតម្លៃថាអាចនឹងមានដល់ពាន់លានដុល្លារ។ ប្រទេសជាច្រើនមានដូចជា សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី និងម៉ាឡេស៊ី បានសម្រេចចិត្តបញ្ជូនភ្នាក់ងារពន្លត់ អគ្គិភ័យរបស់ខ្លួនឱ្យទៅជួយក្រុមពន្លត់អគ្គិភ័យអូស្រ្តាលី ដែលកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតបិសាចភ្លើងឆេះព្រៃរាប់ខែមកហើយ៕

ប្រភព FreshNews