ត្រឹមតែ 50ឆ្នាំ!! សិង្ហបុរី​ប្រែក្លាយពី​ភូមិ​ដ៏​តូច​កំសត់​ ទៅជា​ប្រទេសមហាអំណាច​សេដ្ឋកិច្ច មានជាងគេបំផុតក្នុងអាស៊ីអាគ្នេយ៍

546

តាម​ប្រវត្តិសាស្ត្រ​ប្រទេស​សង្ហ​បុរី​ ទទួល​ឯករាជ្យ​នៅ​ឆ្នាំ១៩៦៥​ កាលណោះ​ប្រទេសនេះ​​គ្មាន​ធនធាន​ធម្មជាតិ​ ហើយ​ប្រជាជន​ក៏​តិច​។ ប្រទេស​តូច​ជួប​ស្ថានភាព​ដ៏​លំបាក​នេះ​ បាន​ក្លាយជា​ប្រទេស​អ្នកមាន​ក្នុង​ពេល​មិនដល់​កន្លះ​សតវត្សរ៍​ផង​។ នាយក​រដ្ឋមន្ត្រី​ដំបូងបង្អស់​របស់​ប្រទេស​នេះ​ គឺ​លោក​ លី​ ក្វាន់​យូ​ (Lee​ Kuan​ Yew​) កេរ្តិ៍ឈ្មោះ​ និង​កិត្តិនាម​របស់​លោក​ល្បីល្បាញ​ជុំវិញ​ពិភពលោក​រហូត​ទល់​សព្វថ្ងៃ​។

លោក​ លី​ ក្វាន់​យូ​ ឡើង​កាន់​តំណែង​ជានា​យក​រដ្ឋមន្ត្រី​ដំបូង​នៅ​ឆ្នាំ​១៩៥៩​ រហូតដល់​ឆ្នាំ១៩៩១​ ហើយ​លោក​បាន​ចំណាយ​ជីវិត​របស់​លោក​ស្ទើរតែ​ទាំងស្រុង​ ដើម្បី​ប្រែក្លាយ​ប្រទេស​ដី​កោះ​ដ៏​តូច​មួយ​នេះ​ ទៅជា​ប្រទេស​ដ៏​មាន​សក្តា​នុ​ពល​មួយ​នៅ​លើ​ពិភពលោក​ដោយ​ស្នាដៃ​លោក​ផ្ទាល់​។

ក្រោយពី​បាន​ផ្តាច់​ខ្លួន​ចេញពី​ប្រទេស​ម៉ាឡេស៊ី​ក្លាយទៅជា​ប្រទេស​ឯករាជ្យ​នៅ​ឆ្នាំ១៩៦៥​ សិង្ហបុរី​បាន​ប្រឈម​មុននឹង​បញ្ហា​ជាច្រើន​ ពិសេស​បញ្ហា​សេដ្ឋកិច្ច​។ ក្នុង​នាម​​ជា​មេ​ដឹង​នាំ​ លោក​បាន​សំឡឹង​រក​ឱកាស​ និង​រៀបចំ​យុទ្ធ​សា​ស្ត្រផ្សេង​ៗ អាច​ដឹកនាំ​ប្រទេស​ដ៏​តូច​មួយ​នេះ​ ឈាន​ឆ្ពោះទៅ​រក​ការ​រីកចម្រើន​។ អ្វី​ដែល​សំខាន់​ គឺ​រដ្ឋាភិបាល​សិង្ហបុរី​ជា​ប្រទេស​ស្អាតស្អំ​គ្មាន​អំពើពុករលួយ​ និង​ផ្តល់​តម្លៃ​ខ្ពស់ទៅ​លើ​យុត្តិធម៌​សង្គម​ ព្រមទាំង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ ទោះបី​មាន​គេ​មើលឃើញ​ថា​ ការ​ដឹក​នាំ​របស់​លោក​ លី​ ក្វាន់​យូ​ គឺជា​របបផ្ដាច់ការ​ និង​មិន​គោរព​សិទ្ធិមនុស្ស​យ៉ាងណាក្ដី​។ អ្នកខ្លះ​ថា​ សិង្ហបុរី​ ជា​ប្រទេស​គំរូ​មួយ​ គឺ​គំរូ​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ និង​សន្តិសុខ​ នៅ​អាស៊ី​។ រដ្ឋ​ដ៏​តូច​មួយ​នេះ​កាន់អំណាច​ផ្តាច់​ការ​ មិន​គោរព​សិទ្ធិមនុស្ស​ មានឈ្មោះ​ជាល​ទ្ធិ​ប្រជាធិបតេយ្យ​តែ​នៅ​លើ​ក្រដាស​។

បើ​ថា​ប្រជាជន​គ្មាន​សេរីភាព​នយោបាយ​ និង​គ្មាន​សិទ្ធិ​បុគ្គល​ទូលំទូលាយ​ តើ​ប្រជាជន​សិង្ហបុរី​មាន​សុភមង្គល​ដែរ​ឬទេ​? ប៉ុន្តែ​ប្រជាពលរដ្ឋ​សិង្ហបុរី​មានកម្រិត​ជីវភាព​ខ្ពស់​សឹង​គ្រាន់បើ​ជាង​ប្រជាជន​បស្ចិម​លោក​ទៅទៀត​។ សិង្ហបុរី​ឱ្យ​តម្លៃ​ទៅលើ​យុត្តិធម៌​សង្គម​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​ប្រទេស​ស្អាតស្អំ​ គ្មាន​អំពើពុករលួយ​ ជា​ប្រទេស​ប្រកបដោយ​សន្តិសុខ​ខ្ពស់​។ កម្រមាន​ណាស់​អ្នក​ដែល​ចង់​ចាកចេញ​ពី​សិង្ហបុរី​ ដើម្បី​ទៅ​រស់នៅ​ប្រទេស​ផ្សេង​ៗ។

យ៉ាងណា​ ដោយសារតែ​ចក្ខុនិមិត្ត​ និង​សកម្មភាព​នយោបាយ​របស់​លោក​ លី​ ក្វាន់​យូ​ រយៈពេល​ជាង៥០ឆ្នាំ​កន្លងទៅ​នេះ​ បាន​ក្លា​យស​ង្ហ​បុរី​ទៅជា​នាគ​សេដ្ឋកិច្ច​មួយ​ ដែល​ពិភពលោក​ច្រណែន​ឬកោតសរសើរ​។ ជ័យជម្នះ​ដ៏​ធំធេង​នេះ​ បាន​មក​ពី​អ្វី​ដែលគេ​ហៅថា​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ ក្នុង​គោលដៅ​ស្រូប​យកចំណេះ​ដឹង​ និង​ចំណេះធ្វើ​ពី​បស្ចិម​លោក​។ សព្វថ្ងៃ​នេះ​ សេដ្ឋកិច្ច​របស់​សិង្ហបុរី​មាន​មូលដ្ឋាន​នៅ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ឈានមុខ​ ដែល​ត្រូវ​បាន​សាងសង់​ឡើង​ ដោយសារ​មូលធន​ និង​បទ​ពិសោធ​របស់​ក្រុមហ៊ុន​បរទេស​ អ៊ឺ​រ៉ុប​ អាមេរិក​ ឬជប៉ុន​៕