កូនខ្មែរគួរដឹងប្រវិត្តសាស្រ្តរបស់ខ្លួន! ប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម (មានវីដេអូ)

703

ទឹក​ដី​កម្ពុជា​ក្រោម​ដែល​មាន​ទំហំ​ជិត​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ត្រូវ​អាណានិគម​បារាំង ក្នុង​គ្រា​ត្រួតត្រា​តំបន់​ឥណ្ឌូចិន បាន​ប្រគល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​ផ្នែក​រដ្ឋបាល​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​១៩៤៩។

ដែន​ដី​កម្ពុជា​ក្រោម​បច្ចុប្បន្ន ឬ​អតីត​កូសាំងស៊ីន ត្រូវ​បាន​រស់​នៅ​ដោយ​ប្រជាជន​ខ្មែរ​តាំង​ពី​សម័យ​ហ្វូណន​មក​ម្ល៉េះ។

សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «រឿង​រ៉ាវ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម» ជា​ឯកសារ​ចម្លង​ដោយ​លោក ទៀ ថេន បោះ​ពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​២០០៥ មក បាន​ឲ្យ​ដឹង​ថា លុះ​មក​ដល់​ដើម​សតវត្សរ៍​ទី​១៧ ពួក​អាណាម ឬ វៀតណាម ដោយសារ​សង្រ្គាម និង​ឧបាយកល បាន​ជ្រៀត​ជ្រែក​ចូល​មក​ក្នុង​ទឹក​ដី​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន។

ប្រជាជន​ខ្មែរ ទាំង​ខ្មែរ​កម្ពុជា​ដី​គោក និង​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ទឹក​លិច មិន​អនុញ្ញាត​ឲ្យ​ពួក​អាណាម​លុក​លុយ​កាន់​កាប់​ទឹក​ដី​នៃ​ខេត្ត​ខ្មែរ​ទាំង​ឡាយ​ដោយ​សន្តិភាព​នោះ​ទេ គឺ​ខ្មែរ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អាណាម ដោយបាន​រុញ​ច្រាន​ចេញ​ទៅ​វិញ​ជា​ច្រើន​ដង។ លុះ​មក​ដល់​ឆ្នាំ​១៩៥៩ ដោយ​មាន​ជំនួយ​ទ័ព​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ អង្គដួង បារាំង​បាន​វាយ​យក​បាន​ក្រុង​ព្រៃនគរ ខេត្ត​ចង្វាត្រពាំង និង​ព្រះសួគ៌ា នៃ​ដែន​ដី​កម្ពុជា​ក្រោម​ពី​ពួក​អាណាម។ កង​ទ័ព​ខ្មែរ​បន្ត​ច្បាំង​ដណ្តើម​យក​មក​វិញ​នូវ​ខេត្ត​មាត់​ជ្រូក ក្រមួនស ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង។

សៀវភៅ​មគ្គុទ្ទេសក៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹង​បន្ត​ថា លុះ​ដល់​ឆ្នាំ​១៨៦១ ឧត្ដមសេនីយ៍​បារាំង​មួយ​រូប​ឈ្មោះ ស្ហាកណែរ៍ បាន​មក​គាល់​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះបាទ នរោត្តម ដើម្បី​ទូល​ទ្រង់​អំពី​ការ​សម្រេច​ចិត្ត​របស់​បារាំង ក្នុង​ការ​តាំង​នៅ​ជា​ស្ថាពរ​នៃ​ដែនដី​កម្ពុជា​ក្រោម។

បន្ទាប់​មក​បារាំង និង​វៀតណាម បាន​ចុះ​សន្ធិ​សញ្ញា​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​១៨៦២ កំណត់​លក្ខខណ្ឌ​៣​ខ គឺ​ទី​១ ​វៀតណាម​ត្រូវ​ប្រគល់​ខេត្ត​ខ្មែរ​៣​ទៅ​ឲ្យ​បារាំង ទី​២ វៀតណាម​ត្រូវ​ផ្តល់​សេរីភាព​ដល់​អ្នក​កាន់​សាសនា​កាតូលិក និង​ទី​៣ វៀតណាម​ត្រូវ​សង​សោហ៊ុយ​សង្រ្គាម​ជា​ប្រាក់ ៣​លាន​ហ្វ្រង់។

ចំណែក​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះបាទ នរោត្តម បាន​ចុះ​សន្ធិ​សញ្ញា​មិត្តភាព​ពាណិជ្ជកម្ម និង​អាណាព្យាបាល​ជាមួយ​បារាំង នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣ ដែល​ក្នុង​នោះ​បារាំង ទទួល​បាន​បុព្វសិទ្ធិ​ផ្តាច់​មុខ​ក្នុង​កិច្ចការ​បរទេស និង​ការពារ​ជាតិ​នៃ​កម្ពុជា។

លុះ​ដល់​ឆ្នាំ​១៨៦៤ ព្រះបាទ នរោត្តម បាន​យាង​ទៅ​ជួប​មន្រ្តី​បារាំង លោក ដឺឡា ហ្ក្រង់ឌីយ៉ែរ៍ (De La Grandiere) សុំ​ឲ្យ​បារាំង បង្វិល​មក​ឲ្យ​ខ្មែរ​វិញ​នូវ​បណ្តា​ខេត្ត​ពី​លង់ហោ​ដល់​ខេត្ត​ទឹកខ្មៅ​ដែល​វៀតណាម​កាន់កាប់។ គ្រា​នោះ​ព្រះអង្គ​ទទួល​បាន​ពាក្យ​សន្យា​យល់​ព្រម​ពី​បារាំង។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​១៨៦៧ មន្រ្តី​បារាំង លោក​ទេសាភិបាល​កូសាំងស៊ីន បាន​បញ្ចូល​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​ជា​អាណានិគម​របស់​បារាំង​ត​ទៅ​ទៀត គ្រា​នោះ​បារាំង បាន​បែង​ចែក​ដែន​ដី​កម្ពុជា​ក្រោម​ទៅ​ជា​៤​ខណ្ឌ ដែល​មាន​ទាំង​អស់ ១៩​សង្កាត់ និង ២.៣៥០​ភូមិ។ លុះ​ដល់​ឆ្នាំ​១៨៨៧ ដែនដី​កូសាំងស៊ីន ដែន​ដី​អាណាម និង​តុងកឹង បាន​ត្រូវ​បញ្ចូល​ជា​សម្ពន្ធភាព​បារាំង​ឥណ្ឌូចិន។

លុះ​ដល់​ឆ្នាំ​១៩៤៨ រដ្ឋាភិបាល​បារាំង មាន​បំណង​នឹង​ភ្ជាប់​កម្ពុជា​ក្រោម​ទៅ​យៀកណាម​សិន រួច​ទុក​ឲ្យ​កម្ពុជា និង​វៀតណាម រក​ដំណោះស្រាយ​នៅ​ពេល​ក្រោយ។ ប៉ុន្តែ​មាន​គណៈប្រតិភូ​ខ្មែរ​មួយ​ក្រុម រួម​មាន​ព្រះអង្គ​ម្ចាស់ យុគន្ធរ លោក ស៊ីម វ៉ា លោក សុខ ឆុង និង​លោក ថុន អ៊ុក បាន​ចូល​រួម​ប្រជុំ​នៅ​ក្នុង​សភា​សហភាព​បារាំង ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង ធ្វើ​ការ​ចរចា​ជា​បន្ទាន់​មួយ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ស្តី​អំពី​ការ​ផ្ទេរ​អំណាច​នៅ​កម្ពុជា​ក្រោម។

ពី​អង្គប្រជុំ​នោះ លោក សុខ ឆុង បាន​ធ្វើ​របាយការណ៍​យ៉ាង​ពិស្តារ​បញ្ជាក់​អំពី​ជំហរ និង​វត្ថុ​បំណង​របស់​ខ្មែរ​ចំពោះ​ទឹក​ដី​កម្ពុជា​ក្រោម​ថា ៖ “យើង​ទាមទារ​អ្វីៗ​ដែល​ជា​របស់​យើង។ យើង​មិន​បាន​ទាមទារ​អ្វីៗ​ដែល​មិន​មែន​ជា​របស់​យើង​នោះ​ទេ”។

ប៉ុន្តែ​លទ្ធផល​ដែល​ខ្មែរ​ទទួល​បាន​ពី​បារាំង​វិញ គឺ​ប្រធានាធិបតី​បារាំង លោក វ៉ាងសង់ អូរីយ៉ូល (Vincent Auriol) បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ហៅ​ថា កិច្ច​ព្រមព្រៀង Elysee ជាមួយ​អធិរាជ​វៀតណាម ព្រះនាម បាវ ដាយ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​១៩៤៩ ដែល​ក្នុង​នោះ បារាំង​បាន​យល់​ព្រម​ប្រគល់​កម្ពុជា​ក្រោម ដែល​បារាំង​ហៅ​ថា កូសាំងស៊ីន ឬ​វៀតណាម​ហៅ​ថា ណាមកេ (Nam Ky) ទៅ​ឲ្យ​វៀតណាម ហើយ​វៀតណាម ព្រម​បង្កើត​រដ្ឋាភិបាល​យៀកណាម​មួយ​នៅ​ក្នុង​ក្រុម​សភា​សហភាព​បារាំង ហៅ​ថា រដ្ឋ​យៀកណាម។

បារាំង​សង្ឃឹម​ថា ការ​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ស្តេច​វៀតណាម បាវ ដាយ នោះ​បារាំង​អាច​រក្សា​បាន​នូវ​ឥទ្ធិពល​របស់​ខ្លួន​បាន​យូរ​អង្វែង​នៅ​កូសាំងស៊ីន​ជា​បន្ត​ទៅ​ទៀត។

លោក ថាច់ វៀន ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អឺរ៉ុប មាន​ប្រសាសន៍​ថា ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​ពុំ​បាន​ទទួល​ការ​ចូល​រួម​និង​យល់​ព្រម​ពី​ភាគី​ខ្មែរ​ទេ។

លោក ថាច់ វៀន មាន​ប្រសាសន៍​ដូច្នេះ ៖ «បារាំង​រៀបចំ​ហៅ​ឲ្យ បាវ ដាយ ចូល​មក​គ្រង​រាជ្យ​វិញ​ហើយ​និង​ចរចា​ពី​រឿង​លក្ខន្តិកៈ​កម្ពុជា​ក្រោម​ហ្នឹង ព្រះ​ករុណា សីហនុ មាន​សរសេរ​សំបុត្រ​មួយ​ថា ក្នុង​ការ​ចរចា​ជាមួយ​យួន​ហ្នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ម៉េច​ខ្លះ​នៅ​កម្ពុជា​ក្រោម​នោះ សូម​ឲ្យ​លោក​ដឹង​ផង ប៉ុន្តែ​បារាំង​វា​អត់​រវល់​ទេ វា​ជជែក​គ្នា​តែ​ជាមួយ​យួន ហើយ​ប្រគល់​អី​សព្វ​គ្រប់​អស់​ហ្នឹង ព្រះ​ករុណា​លោក​អត់​មាន​បាន​ទទួល​ការ​ពិគ្រោះ​អី បារាំង​វា​ស្នើ​យោបល់​អី​អត់​មាន​ទេ»។

ប្រមុខ​នៃ​រដ្ឋាភិបាល​កម្ពុជា សម្តេច​ព្រះ​នរោត្តម សីហនុ បាន​បញ្ជូន​ប្រតិភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​ឯកឧត្ដម សឺន សាន ទៅ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​១៩៤៩ ដើម្បី​ជំទាស់​នឹង​សភា​បារាំង ឲ្យ​ផ្អាក​ការ​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​បារាំង ដែល​បាន​យល់​ព្រម​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ​យៀកណាម​នោះ។ តែ​ការ​តវ៉ា​ទាមទារ​របស់​ប្រតិភូ​ខ្មែរ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​បារាំង​ធ្វើ​តាម​ឡើយ។

ចំណែក​សហរដ្ឋ​អាមេរិក​វិញ ដោយ​មាន​បំណង​ចង់​ជួយ​បារាំង ក្នុង​ការ​បង្ក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ឥណ្ឌូចិន លោក អាប៊ុត្ត (Abbott) ដែល​ជា​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ព្រៃនគរ ឬ​សព្វ​ថ្ងៃ​ហៅ​ថា​ក្រុង​ហូជីមិញ បាន​ស្នើ​ឲ្យ​ក្រសួង​ការ​បរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក ធ្វើ​សេចក្តី​ប្រកាស​មួយ​ក្នុង​ន័យ​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​វៀតណាម បាវ ដាយ។

នៅ​ទី​បំផុត​ប្រធានាធិបតី​បារាំង លោក វ៉ាងសង់ អូរីយ៉ូល បាន​ចុះ​ហត្ថលេខា​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បាវ ដាយ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។

លោក ថាច់ ង៉ុកថាច់ នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ថា ៖ «ពេល​បារាំង គេ​ដើម្បី​សុំ​សំណូមពរ​ដល់ បាវ ដាយ ព្រោះ​ជា​មធ្យោបាយ​ដើម្បី​ទប់​ទល់​ពង្រឹង​ពង្រីក​អំណាច​របស់​បារាំង ម្ល៉ោះ​ហើយ​គេ​ក៏​បាន​ប្រគល់​ឲ្យ​យួន​នោះ​ជា​បែប​ផ្នែក​ជា​រដ្ឋបាល​តែ​ប៉ុណ្ណឹង​ទេ ហើយ​ក្នុង​ការ​ប្រគល់​នោះ គឺ​ចំពោះ​បង​ប្អូន​ខ្មែរ​ក្រោម​លោក​អត់​បាន​ដឹង​ទេ។ បង​ប្អូន​ខ្មែរ​ដែល​នៅ​ទឹក​ដី​កម្ពុជា​ក្រោម គឺ​បាត់​បង់​អ្វី​ទាំង​អស់ រដ្ឋាភិបាល​យួន​គេ​គ្រប់គ្រង​ជា​ហូរហែ។ យើង​ឃើញ​ថា យើង​មាន​សង្គ្រាម​ជា​ហូរហែ ដែល​ហៅ​ថា សង្គ្រាម​ឥណ្ឌូចិន ក៏​ខ្មែរ​យើង​ត្រូវ​សង្គ្រាម​នោះ​បិត​បាំង​នូវ​ការ​ពិត ហើយ​ពិភពលោក​នោះ​ក៏​យល់​ថា រឿង​ទាំង​អស់​នោះ​ជា​រឿង​របស់​ប្រទេស​យួន​ទៅ​វិញ។ អ៊ីចឹង​យើង​បាត់​បង់​អស់​ក្នុង​រយៈពេល ៦០​ប្លាយ​ឆ្នាំ​ហ្នឹង ពុំ​មាន​ការ​តវ៉ា ពុំ​មាន​ការ​ទាមទារ​នូវ​ផ្លូវ​ច្បាប់​ណា​មួយ»។

លោក អាង ច័ន្ទរិទ្ធិ អតីត​នាយក​ប្រតិបត្តិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​ខ្មែរ​មួយ​រូប បើ​ទោះ​បី​ជា​លោក​ពុំ​បាន​កើត​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​ក្តី ប៉ុន្តែ​ការ​បាត់​បង់​ដែន​ដី​កម្ពុជា​ក្រោម គឺ​ជា​ការ​ខាត​បង់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។

លោក អាង ច័ន្ទរិទ្ធិ មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ការ​បាត់​បង់​ដែន​ដី​កម្ពុជា​ក្រោម គឺ​ជា​រឿង​មួយ​ឈឺ​ចាប់ ជា​រឿង​មួយ​សោកស្តាយ​ជា​ទី​បំផុត ដែល​ទឹក​ដី​មួយ​ផ្នែក​ធំ​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​បាន​គ្រប់គ្រង និង​ដឹក​នាំ​ដោយ​ប្រទេស​វៀតណាម​មក​ដល់​សព្វថ្ងៃ ហើយ​ជា​រឿង​មួយ​សោក​សង្វេគ​ចំពោះ​ខ្មែរ​យើង​ដែល​គាត់​កំពុង​តែ​រស់​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ទទួល​រង​នូវ​ការ​រំលោភ ការ​បំបិទ​សិទ្ធិ​សេរីភាព​ច្រើន​មក​ដល់​ពេល​នេះ»៕