ស្ត្រីជនជាតិកូរ៉េខាងជើងម្នាក់ត្រូវបានគេគំរាមគំហែងដាក់គុកបន្ទាប់ពីជួយសង្គ្រោះកូនៗ ពីរនាក់របស់នាងចេញពីអគ្គិភ័យឆេះផ្ទះមួយដោយទុកឱ្យរូបថតរបស់មេដឹកនាំកូរ៉េខាងជើងត្រូវភ្លើងឆេះ។
ស្ត្រីជាម្ដាយរូបនេះត្រូវបានក្រសួងសន្តិសុខរដ្ឋរបស់កូរ៉េខាងជើងស៊ើបអង្កេត បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះនៅក្នុងផ្ទះមួយដែលចែកចេញជាពីរគ្រួសារនៅតំបន់ Onsong ខេត្ត North Hamgyong ជិតព្រំដែនចិន។ ឪពុកម្តាយទាំងសងខាងបានចេញទៅក្រៅនៅពេលភ្លើងបានឆាបឆេះ ប៉ុន្តែបានរត់ត្រឡប់មកជួយក្រុមគ្រួសារវិញបន្ទាប់ពីបានឃើញផ្សែងហុយចេញមកខាងក្រៅ។ កំឡុងភ្លើងឆេះនេះ រូបថតមួយចំនួនត្រូវបានបំផ្លាញចោល។ កូរ៉េខាងជើងទាមទារឱ្យផ្ទះនីមួយៗត្រូវដាក់តាំងរូបភាពរបស់អតីតមេដឹកនាំរបស់ខ្លួនគឺគីមអ៊ីលស៊ុងនិងគីមជុងអ៊ីល និងតែងចាត់មនុស្សឲ្យទៅពិនិត្យមើលដើម្បីប្រាកដថាពលរដ្ឋបានដាក់តាំងពិតប្រាកដមែន។
យោងទៅតាមច្បាប់របស់ Hermit Kingdom គ្រប់ផ្ទះរូបភាពទាំងអស់នៃគ្រួសារគីមត្រូវតែទទួលបានការគោរពដូចនៅពេលដែលពួកគេមានជីវិតដែរ មានន័យថាការខកខានមិនបានមើលថែរូបគំនូរឱ្យបានត្រឹមត្រូវគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។ ប្រសិនបើត្រូវបានរកឃើញថាមានកំហុសម្តាយត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលយូរជាមួយការធ្វើពលកម្មធ្ងន់ធ្ងរ។
យោងតាមប្រភពកាសែត Daily NK ជាលទ្ធផលនៃការស៊ើបអង្កេត នាងមិនអាចទៅរកកូន ៗ របស់នាងនៅមន្ទីរពេទ្យ ហើយក៏មិនមានថ្នាំអង់ទីប៊ីយោទិចសម្រាប់ការរលាកដែរ។អ្នកជិតខាងនិយាយថា ពួកគេមានចិត្តចង់ជួយណាស់ប៉ុន្តែក៏បានសម្រេចចិត្តនៅឆ្ងាយវិញដោយខ្លាចថានាងនឹងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនយោបាយ។
តាមប្រភពមួយទៀតបាននិយាយថា ម្តាយម្នាក់នេះនឹងអាចត្រលប់មកមើលថែកូនៗរបស់នាងដូចធម្មតាវិញបន្ទាប់ពីរដ្ឋាភិបាលបញ្ចប់ការស៊ើបអង្កេតនេះ៕