ក្តៅៗ! អ៉ីរ៉ង់ប្រតិកម្មខ្លាំង ក្រោយអន្តរជាតិចោទថាខ្លួនជាអ្នកបាញ់មីស៊ីល លើយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនធ្លាក់

2736

(តេហេរ៉ង់)៖ អ៉ីរ៉ង់បានចេញមុខតវ៉ាចំពោះការចោទប្រកាន់របស់អន្តរជាតិដែលថា យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍អ៊ុយក្រែន​ដែលធ្លាក់នៅទីក្រុងតេហេរ៉ង់នាសប្តាហ៍នេះ ត្រូវបានប្រព័ន្ធមីស៊ីលការពារអាកាសអ៉ីរ៉ង់បាញ់ទម្លាក់ដោយភ័ន្តច្រឡំ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

រដ្ឋាភិបាលអ៉ីរ៉ង់បានស្នើឲ្យកាណាដាបង្ហាញភស្តុតាងរបស់ខ្លួន ក្រោយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានអះអាងថា បើយោងតាមប្រភពស៊ើបការណ៍សម្ងាត់មួយចំនួនឲ្យតំរុយថា​ អ៉ីរ៉ង់បានបាញ់ទម្លាក់យន្តហោះ Boeing ខាងលើ ក្រោយពីវាបានហោះឡើង​ចេញពីមកពីអាកាសយានដ្ឋានក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបណ្តាលឲ្យមនុស្សទាំង១៧៦នាក់​ ដែលជិះលើនោះ​បាត់បង់ជីវិតទាំងអស់ ដោយរួមមានទាំងពលរដ្ឋកាណាដា៦៣នាក់។

ក្រៅពីកាណាដា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសក៏បានចោទប្រកាន់អ៉ីរ៉ង់បែបនេះដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៉ីរ៉ង់ លោក Ali Rabiei បាននិយាយដូច្នេះថា «ទាំងអស់នេះគឺជាការធ្វើសង្រ្គាមចិត្តសាស្រ្តប្រឆាំងមកលើអ៉ីរ៉ង់ប៉ុណ្ណោះ។ សម្រាប់ប្រទេសទាំងឡាយ ដែលមាន​ពលរដ្ឋខ្លួនជិះលើយន្តហោះនោះ អាចបញ្ជូនក្រុមអ្នកតំណាងរបស់ខ្លួនមកកាន់ប្រទេសយើងបាន ហើយពួកយើងក៏បានស្នើឲ្យក្រុមហ៊ុន Boeing បញ្ជូនក្រុមអ្នកតំណាងខ្លួន ឲ្យមកចូលរួមដំណើរការស៊ើបអង្កេតប្រអប់ខ្មៅផងដែរ»។ កន្លងទៅ មានសេចក្តីរាយការណ៍ព័ត៌មានថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៉ីរ៉ង់ មិនយល់ព្រមប្រគល់ប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់ ឲ្យទៅក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ឬមួយក៏សហរដ្ឋអាមេរិកឡើយ។

រីឯមន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់វិញក៏បានច្រានចោលការចោទប្រកាន់ដែលថា មីស៊ីលអ៉ីរ៉ង់ត្រូវបានបាញ់ចំយន្តហោះខាងលើ ហើយបណ្តាលឲ្យ​ធ្លាក់ផ្ទុះឆេះផងដែរ។ មន្រ្តីអ៉ីរ៉ង់រូបនោះបានលើកឡើងថា ការចោទប្រកាន់នេះមិនសមហេតុផលទាល់តែសោះ ព្រោះក្រសួងដឹកជញ្ជូនអ៉ីរ៉ង់បានបញ្ជាក់ថា នៅកំឡុងពេលដូចគ្នា​នោះ ជើងហោះហើរជាតិនិងអន្តរជាតិជាច្រើនផ្សេងទៀត ក៏កំពុងតែធ្វើដំណើរនៅលើដែនអាកាសរបស់អ៉ីរ៉ង់ នៅរយៈកម្ពស់២,៤៤០ម៉ែត្រ​ដូចតែគ្នាដែរ។

យ៉ាងណាមិញ មានការផ្សព្វផ្សាយវីដេអូមួយដែលត្រូវគេអះអាងថា បង្ហាញពីសកម្មភាពគ្រាប់មីស៊ីលហោះទៅបុកវត្ថុមួយលើផ្ទៃអាកាស នាពេលងងឹត នៅក្នុងរដ្ឋធានីតេហេរ៉ង់ ហើយកាលពីភ្លាមៗក្រោយការធ្លាក់យន្តហោះអ៊ុយក្រែននោះ ក៏ធ្លាប់មានការចែកចាយឃ្លីបវីដេអូ​មួយផ្សេងទៀតផងដែរ ​បង្ហាញពីទិដ្ឋភាពនៃវត្ថុមួយនៅលើផ្ទៃមេឃងងឹតដូចគ្នា ដែលទំនងជាយន្តហោះមានភ្លើងឆាបឆេះ រួចធ្លាក់ផ្ទុះ ហើយត្រូវបានគេអះអាងថា ជាទិដ្ឋភាពថតនៅក្នុងរដ្ឋទីក្រុងតេហេរ៉ង់ដូចគ្នា។ យន្តហោះអ៊ុយក្រែននោះ បានធ្លាក់នៅវេលាមុនព្រឹកព្រលឹមថ្ងៃពុធ ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់៨២នាក់, កាណាដា៦៣នាក់, អ៊ុយក្រែន១១នាក់, ស៊ុយអែត១០នាក់, អាហ្វហ្គានីស្ថាន០៤នាក់, អាល្លឺម៉ង់០៣នាក់, និងអង់គ្លេស០៣នាក់៕