សម្តីពិតរបស់មន្ត្រីកសិកម្ម «យើងនាំទៅគេពិនិត្យអស់រលីង តែពេលគេនាំចូលវិញ អ្នកណាចង់នាំចូលអីចូលទៅ»

1139

ភ្នំពេញ៖ បើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម កម្ពុជាហាក់ដូចជានៅខ្វះចន្លោះពាក់ព័ន្ធនឹងការពិនិត្យ និងគ្រប់គ្រងផលិតផលនាំចូល។ ទី១គឺប្រទេសជិតខាងគេប្រើរបាំងបច្ចេកទេស/គុណភាព ដើម្បីការពារផលិតផលក្នុងស្រុករបស់គេ តែកម្ពុជាមិនបានប្រើរបាំងនេះទេ និងទី២ គឺពុំមានមន្រ្តីបច្ចេកទេសចំជំនាញសម្រាប់ឈរជើងពិនិត្យបញ្ជាក់សុវត្ថិភាពផលិតផលផ្សេងៗពិសេសផលិតផលកសិកម្ម នៅច្រកព្រំដែននោះទេ។ នេះបើតាមការស្ដាប់ប្រសាសន៍លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលាស្តីពីវិធីសាស្ត្រក្នុងការវិភាគថ្នាំពុលកសិកម្មនៅថ្ងៃទី ១០មករា។

លោក ងិន ឆាយ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«របាំងបច្ចេកទេសនេះយើងគ្មានទាល់តែសោះ។ ធម្មតាប្រទេសនីមួយៗ គេដាក់របាំងបច្ចេកទេសហ្នឹងសំខាន់បំផុត យើងមុននឹងនាំចូលទៅប្រទេសថៃនិងប្រទេសផ្សេងៗពិនិត្យសព្វគ្រប់ ដល់គេចូលមកយើងវិញ នរណាចង់ចូលអីចូលទៅ»។ លោកបន្តដូចនេះទៀតថា៖«បច្ចុប្បន្នេះកាំកុងត្រូល(ដក)ចេញពីទល់ដែន, ខាងខ្ញុំ(ក្រសួងកសិកម្ម) មិនត្រូវបានអនុញ្ញាតឲ្យឈរជើងត្រួតពិនិត្យទេ សព្វថ្ងៃមានតែពីរគឺខាងគយនិងប៉ូលីសអន្តោរប្រវេសន៍ អ្នកបច្ចេកទេសអត់បានឈរជើងនៅទីនោះទេ»។

សព្វថ្ងៃ មន្រ្តីបច្ចេកទេសរបស់អគ្គនាយកដ្ឋានកសិកម្ម ត្រូវពិនិត្យផលិតផលកសិកម្មនាំចូលទាំងនោះ តែនៅពេលណាដែលមន្រ្តីគយស្នើសុំឬត្រូវការតែប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងរបស់លោក ងិន ឆាយ ។ គួររម្លឹកថា ក្រសួងកសិកម្មធ្លាប់ស្នើសុំដាក់មន្រ្តីឈរជើងនៅច្រកព្រំដែនដើម្បីពិនិត្យផលិតផលកសិកម្មដូចជាបន្លែផ្លែឈើ តែត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុច្រានចោលដោយលើកមូលហេតុថាការឈរជើងនេះនឹងធ្វើចំណាយរបស់រដ្ឋកាន់តែច្រើន៕

ប្រភព thmeythmey.com