សមត្ថកិច្ចជំនាញថៃ នៅព្រលានយន្តហោះសុវណ្ណភូមិ ក្នុងទីក្រុងបាងកក បានឃាត់ខ្លួនជនជាតិចិនបួននាក់ដែលធ្វើដំណើរចេញពីក្រុងវូហាន(Wuhan) ជាកន្លែងដែលកំពុងឆ្លងរាលដាលជំងឺផ្តាសាយចម្លែកមួយដែលគេកំណត់ថា H3N2។
អគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ លោក Suwanchai Wattanayingcharoenchai ថ្លែងថា ក្នុងចំណោមជនជាតិចិន៤នាក់ដែលសង្ស័យមានផ្ទុកមេរោគចម្លែក H3N2 គឺមន្ត្រីជំនាញអាចបញ្ជាក់បានថា ក្មេងប្រុសអាយុ៣ឆ្នាំមិនមានផ្ទុកមេរោគទេ។ ចំណែក៣នាក់ផ្សេងទៀត សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវ។ នេះបើតាមការចុះផ្សាយរបស់ Travel Daily Media។
ចាប់តាំងពីមានការផ្សព្វផ្សាយពីមានការផ្ទុះមេរោគចម្លែកដែលអ្នកវិទ្យាសាស្ត្រមិនទាន់អាចកំណត់បាននៅក្នុងប្រទេសចិននេះ រដ្ឋាភិបាលថៃចាប់ផ្តើមបន្ថែមមន្ត្រីជំនាញ និងឧបករណ៍ ដើម្បីត្រួតពិនិត្យមេរោគនេះនៅព្រលានយន្តហោះសុវណ្ណភូមិ ដនមឿង ឈាងម៉ៃ និងនៅព្រលានយន្តអន្តរជាតិហ្វូកេត។ ការត្រួតពិនិត្យផ្តោតសំខាន់អ្នកធ្វើដំណើរពីប្រទេសចិន។
នាយកដ្ឋានត្រួតពិនិត្យជំងឺឆ្លងរបស់ថៃ បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចថា ចំពោះអ្នកធ្វើដំណើរពីទីក្រុងវូហាន ដែលមានអាការៈ ក្តៅខ្លួន ក្អក ឈឺបំពង់ក តឹងច្រមុះ ស្ងួតក ក្នុងរយៈ១៤ថ្ងៃ គឺជាសញ្ញាប្រកាសអាសន្នដែលត្រូវរាយការណ៍ឱ្យមន្ត្រីជំនាញជំងឺឆ្លងត្រួតពិនិត្យបន្ទាន់។
មេរោគចម្លែកនៅក្នុងទីក្រុងវូហាន ប្រទេសចិននេះ អ្នកវិទ្យាសាស្ត្រមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ ហើយវាបានធ្វើឱ្យមនុស្សចំនួន៥០នាក់ធ្លាក់ខ្លួនឈឺ ហើយក្នុងនោះ៧នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
បញ្ហាមេរោគចម្លែកនៅក្នុងប្រទេសចិននេះ ត្រូវបានវិស័យសុខាភិបាលនៅតាមប្រទេសនានាលើពិភពលោកកំពុងយកចិត្តទុកដាក់ ហើយប្រកាសឱ្យមន្ត្រីជំនាញរបស់ពួកគេបង្កើនការប្រុងប្រយ័ត្នខ្ពស់។
មូលហេតុដែលនាំឱ្យរដ្ឋាភិបាលចិនក៏ដូចជាប្រទេសផ្សេងៗទៀតលើពិភពលោកមានការព្រួយបារម្ភលើបញ្ហានេះ ដោយសារមានបទពិសោធនៃការឆ្លងរាលដាលមេរោគចម្លែកកន្លងមក បានសម្លាប់មនុស្សយ៉ាងឆាប់រហ័ស ហើយពិបាកទប់ស្កាត់។
ដូចជាឆ្នាំ២០០២ មានករណីឆ្លងរាលដាលជំងឺសា យ៉ាងឆាប់រហ័សនៅប្រទេសចិន ដែលធ្វើឱ្យមនុស្ស៨០៩៨ នាក់ធ្លាក់ខ្លួនឈឺ ហើយក្នុងនោះ៧៧៤នាក់ស្លាប់។ មិនមែននៅចិនទេ ហើយក៏មិនមានតែជំងឺសាមួយមុខនេះដែរគឺ នៅលើពិភពលោកតែងតែលេចចេញជំងឺប្លែកៗឆ្លងបន្តបន្ទាប់ ហើយក៏បាត់ទៅវិញ រួចក៏មានជំងឺថ្មីកើតឡើងទៀត៕
ប្រភព vodkhmer