អ៊ីស្រាអែល កំពុងផលិតអាវុធឡាស៊ែរប្រភេទថ្មី មានសមត្ថភាពបាញ់យន្តហោះគ្មានមនុស្សបើក​ និង​មីស៊ីលបាន (មានវីដេអូ)

808

អ៊ីស្រាអែល៖ ប្រមុខនៃកងកម្លាំងយោធា​អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសាកល្បងប្រព័ន្ធអាវុធឡាស៊ែរថ្មី ដែលអាច​ការពារពីការវាយប្រហារដោយ​យន្តហោះគ្មានមនុស្សបើក (ដ្រូន) ​និងមីស៊ី ល​បានដោយជោគជ័យ។

​លោក Yaniv Rotem ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ក្រសួងការពារជាតិបាននិយាយថា អ៊ីស្រាអែលស្ថិតក្នុងចំណោមប្រទេសឈានមុខគេក្នុងការបង្កើតប្រព័ន្ធអាវុធឡាស៊ែរដែលមានថាមពលខ្លាំង។

យោងតាម​សារព័ត៌មាន The Jerusalem Post បានរាយការណ៍ថា ក្រសួងការពារជាតិអ៊ីស្រាអែលបានធ្វើការ​ស្រាវជ្រាវបច្ចេកវិទ្យា​នេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ​ដោយគេមើលឃើញថា វាជាមធ្យោបាយមួយដែលអាច​ការពារពីការវាយប្រហារដោយអាវុធពីលើអាកាស។រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Naftali Bennett បានលើកឡើងពីការរកឃើញនេះ​ដែរថា “យើងនឹងបន្ថែម​ប្រព័ន្ធអាវុធឡាស៊ែរ​​ដើម្បីឆ្លើយតបជាមួយនឹងការគំរាមកំហែងពីសំណាក់
ភាគគីខាងជើងឬខាងត្បូង”។ លោក Bennett បានបន្តទៀតថា “សត្រូវរបស់អ៊ីស្រាអែល មិនគួរ​ចង់សាកល្បងសមត្ថភាពនៃអាវុធថ្មី ឬមានបំណងចង់ឈ្លានពានយើងទេ”។

គួររម្លឹកផងដែរថា បច្ចុប្បន្ននេះអ៊ីស្រាអែលប្រើប្រព័ន្ធការពារ ​”Iron Dome” ដែលវាប្រើប្រាស់គ្រាប់
មីស៊ី ល​ក្នុងការទប់ទល់ពីការវាយប្រហាររបស់សត្រូវពីលើដែនអាកាស។ អ៊ីស្រាអែលបានប្រើប្រព័ន្ធការពារ​មួយនេះកាលពីសម័យសង្គ្រាម​ ដែលពេលនោះ​រ៉ុក្កែតរាប់ពាន់គ្រាប់ត្រូវបានបាញ់ចេញ​តំបន់ហ្គាហ្សាស្ទ្រីប តែត្រូវ​ប្រព័ន្ធការពារដែនអាកាស Iron Dome ​នេះបាន​​បាញ់ទម្លាក់អស់ជាច្រើន។

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ក្នុងពេលបច្ចុប្បនេះប្រទេសអ៊ីស្រាអែលកំពុង​បង្កើត​ប្រព័ន្ធអាវុធឡាស៊ែរនេះជា ​៣ប្រភេទគឺ​ទីមួយប្រព័ន្ធអាវុធឡាស៊ែរដាក់ជាប់នឹងដីក្នុងមូលដ្ឋាន​ ទីពីរអាវុធឡាស៊ែរដែល​អាចដាក់​នៅលើនាវា ឬរថក្រោះសម្រាប់កងទ័ពក្នុងសមរភូមិ និងទីបី​អាវុធឡាស៊ែរដែលអាចដាក់នៅលើអាកាស​បាន៕